អំពីសមាគមបណ្តាញយុវជនកម្ពុជា

ប.យ.ក ជាសមាគមផ្អែកលើសមាជិកយុវជន

សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។

ប.យ.ក គឺជាសមាគមយុវជន សមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ ពង្រឹងសិទ្ធិអំណាច និងផលប្រយោជន៍របស់យុវជន តាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាព និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម ដើម្បីជំរុញ ឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន ធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ទស្សនវិស័យ

យុវជនកម្ពុជាមានសមត្ថភាពក្នុងការអនុវត្តសិទ្ធិ និងសេរីភាពពេញលេញ។

បេសកកម្ម

សមាគមបណ្តាញយុវជនកម្ពុជាត្រូវបានបង្កើតឡើងដើម្បីធ្វើការងារជាមួយយុវជនកម្ពុជា ចងក្រងបណ្តាញយុវជននិងសហគមន៍ និងពង្រឹងសិទ្ធិអំណាចដល់ពួកគេ ដើម្បីធ្វើការតស៊ូមតិក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

គោលដៅ

គោលដៅរបស់ ប.យ.ក  គឺបង្កើនសមាជិកយុវជនសកម្ម និងបណ្តាញសហគមន៍ ដើម្បីតស៊ូមតិដើម្បីយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

គុណតម្លៃ

សហប្រតិបត្តិការ
ការរៀនសូត្រ និងចែករំលែក
គណនេយ្យភាព
វឌ្ឍនភាព

គណៈគ្រប់គ្រង

លោក អ៊ុល វ៉ាន់

ប្រធានប្រតិបត្តិ

លោក អ៊ុល​ វ៉ាន់ បំពេញតួនាទីជា ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា។ គាត់បានចូលជាសមាជិករបស់ ប.យ.ក តាំងពីឆ្នាំ២០១១ មកម្លេះ។ នៅក្នុងឆ្នាំ២០១៥ លោកត្រូវបានជ្រើសរើសឱ្យចូលបំពេញតួនាទីក្នុង ប.យ.ក ជាមន្ត្រីគម្រោង ហើយត្រូវបានស្ថាបនតំឡើងតួនាទីជា មន្ត្រីសម្របសម្រួលគម្រោងក្នុងឆ្នាំ២០១៨។ លោកត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានប្រតិបត្តិការរបស់សមាគមបណ្តាញយុវជនកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (BTEFL) ផងដែរ ជាមួយនឹងបទពិសោធន៍០៧ឆ្នាំ ក្នុងការបង្រៀនភាសាអង់គ្លេស, ការកសាងសមត្ថភាពយុវជន, ការគ្រប់គ្រងគម្រោង, បច្ចេកវិទ្យា និងទូរគមនាគមន៍, និងការបណ្តុះបណ្តាលផ្នែក សុវត្ថិភាពលើប្រព័ន្ធឌីជីថលផងដែរ។

អ្នកស្រី ណយ រតនា

ប្រធានផ្នែកប្រតិបត្តិការ

អ្នកស្រី ណយ រតនា បំពេញតួនាទីជា ប្រធានផ្នែកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា។ អ្នកស្រីបានចូលបម្រើការជាបុគ្គលិករបស់ ប.យ.ក ចាប់ពីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០១៩។ អ្នកស្រីទទួលខុសត្រូវជាប្រធានផ្នែកប្រតិបត្តិទូទៅនៅក្នុងស្ថាបន និងដើរតួរជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ អ្នកស្រីមានបទពិសោធន៍ ៤ឆ្នាំកន្លះ ធ្វើការជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ជាមន្ត្រីគណនេយ្យ និងហិរញ្ញវត្ថុ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា លើមុខជំនាញ គណនេយ្យ។ ទោះបីនេះជាមុខតំណែងថ្មីសម្រាប់អ្នកស្រីក៍ដោយ ប៉ុន្តែអ្នកស្រី សប្បាយចិត្ត និងមានឆន្ទៈក្នុងការរៀនសូត្រ និងប្តេជ្ញាក្នុងការជួយស្ថាបនឱ្យរីកចម្រើនបន្ថែមទៀត។

លោក ហេង គឹមហុង

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ

លោក ហេង គឹមហុង បំពេញតួនាទីជាប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា។ លោក​បាន​ចូលរួមបំពេញ​ការងារ​ជាមួយ​សង្គម​ស៊ីវិល ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពីឆ្នាំ២០១៥។ លោកបានបញ្ចប់ការសិក្សា​ថ្នាក់​អនុបណ្ឌិតផ្នែក​ច្បាប់ ព្រមទាំងជាអ្នកនិពន្ធឯករាជ្យ។ ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ២០២០ លោកបានបំពេញការងារលើវិស័យអភិបាលកិច្ចល្អ, សុខភាពសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភីឌីភី។ លោកចាប់ផ្តើមបំពេញការងារជាមួយសមាគមបណ្តាញយុវជនកម្ពុជា នៅដើមឆ្នាំ ២០២១ ដោយទទួលខុសត្រូវលើការអភិវឌ្ឍន៍សមត្ថភាព និងការផ្តល់សិទ្ធិអំណាចរបស់យុវជន ការបង្កើតយុទ្ធសាស្រ្តសម្រាប់គម្រោងនិងជាអ្នកដឹកនាំយុទ្ធនាការតស៊ូមតិរបស់យុវជន ការផលិតទិន្នន័យការវាយតម្លៃ និងតាមដានរបស់គម្រោង ដឹកនាំ និងសម្របសម្រួលការស្រាវជ្រាវ និងការតស៊ូមតិ ការអភិវឌ្ឍន៍ និងគ្រប់គ្រងការរ៉ៃអង្គាសថវិកាសម្រាប់សមាគមផងដែរ។

ម៉ើ ចាន់ដារ៉ា

ប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន

ម៉ើ ចាន់ដារ៉ា គឺជាអ្នកធ្វើការងារសង្គម និងអនុវត្តសិទ្ធិវ័យក្មេង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការធ្វើការងារជាមួយសហគមន៍ និងយុវជន ដើម្បីធ្វើការគាំទ្រ និងលើកកម្ពស់យុវជន និងសហគមន៍ ក្នុងភាពជាមេដឹកនាំ ការផ្តល់ធាតុចូលសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ការកសាងធនធានមនុស្ស និងជាពិសេសទៅលើបញ្ហាសិទ្ធិមនុស្ស និងកិច្ចការពារបរិស្ថាន។ លោកក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយស្ថាបនលើការរៃអង្គាសថវិការ បច្ចេកទេសការគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃគម្រោង ការសរសេររបាយការណ៍ទៅកាន់ម្ចាស់ជំនួយ ការកសាងសមត្ថភាពបុគ្គលិក និងការគាំទ្រនូវបច្ចេកទេសផ្សេងៗទៀតផងដែរ ជាពិសេសទៅលើការចងក្រង និងពង្រឹងសិទ្ធិអំណាចរបស់យុវជន។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ ចំណេះ និងជំនាញដែលមាន លោកនឹងយកទៅប្រើប្រាស់សម្រាប់ចូលរួមជាវិភាគទានសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីចូលរួមទាមទារយុត្តិធម៌សង្គមផងដែរ។