សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ
ថ្ងៃ​ច័ន្ទ 01 វិច្ឆិកា 2021

សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី និងការបន្តទន្ទ្រានដីព្រៃសហគមន៍ នៅក្នុងសហគមន៍ព្រៃឈើភ្នំសេះ ដែលមានភូមិសាស្ត្រស្ថិតនៅភូមិអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា CYN បានធ្វើការប្រមូលទិន្នន័យចន្លោះពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានរកឃើញការកើនឡើងករណីបន្តចូលទៅទន្ទ្រានដីដោយខុសច្បាប់ និងការសាងសង់លំនៅដ្ឋានក្នុងទម្រង់ជាផ្ទះ រោងចាំចំការ និងខ្ទម ចំនួន ១៤៣ករណី។ សេចក្តីនេះ បានធ្វើឱ្យលំនៅដ្ឋានខុសច្បាប់មានការកើនឡើងចំនួន ៥៨ករណី ខណៈកាលពីខែ កញ្ញា ឆ្នាំ ២០២០ ចំនួនលំនៅដ្ឋានខុសច្បាប់ដែលបានសាងសង់នៅក្នុងដីសហគមន៍ព្រៃឈើភ្នំសេះ មានចំនួនតែ ៨៥តែប៉ុណ្ណោះ។ បន្ថែមលើសពីនេះ សកម្មភាពកាប់ទន្ទ្រានយកដីព្រៃសហគមន៍ ដើម្បីធ្វើជាចំការចន្ទី និងការលបលួចកាប់បំផ្លាញ់ដើមឈើ ក៏នៅតែកើតមានឡើងជាបន្តបន្ទាប់ស្ទើជារៀងរាល់ថ្ងៃ។ រំលឹងឡើងវិញថា ការរកឃើញនេះ បន្ទាប់ពីសមាគមធ្លាប់បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត ស្តីពី ដំណើឆ្ពោះទៅរកវិនាសកម្មទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១។ លទ្ធផលនៃការស៊ើបអង្កេតនោះ ធ្លាប់បានរកឃើញ ពីបាត់បង់គម្របព្រៃឈើធម្មជាតិលើផ្ទៃដីប្រមាណ ១,៣០៣ហិកតារួចម្ដងទៅហើយ ព្រមទាំងគម្របព្រៃសហគមន៍ទំហំប្រមាណ ៤៦០.៨ហិកតាផ្សេងទៀតស្ថិតនៅក្នុងស្ថានភាពរងការគំរាមកំហែងធ្ងន់ធ្ងរ។ បើទោះបីជាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ ក្រោយការចេញផ្សាយរបាយការណ៍របស់សមាគម មានការចុះទៅត្រួតពិនិត្យពីសំណាក់អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សូម សារិត អភិបាលនៃគណៈអភិបាលស្រុកសំបូរ រហូលមកដល់ថ្ងៃនេះ ក៏ពុំទាន់មានអន្តរាគមន៍ណាមួយចំពោះការចូលទៅទន្ទ្រានយកដីរបស់រដ្ឋជាសាធារណៈនេះឡើយ។ តែផ្ទុយទៅវិញការចូលទៅទន្រ្ទានកាប់បំផ្លាញ់គម្របព្រៃសហគមន៍ដើម្បីយកធ្វើជាចំការផ្ទាល់ខ្លួន ការសាងសង់លំនៅដ្ឋានកាន់តែកើនឡើង ខណៈពេលដែលកូនចន្ទីរាប់ម៉ឺនដើមកាន់តែមានទំហំធំជាលំដាប់នៅលើដីព្រៃសហគមន៍។ យោងតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីភូមិបាលមានជាធរមាន បានកំណត់ថាការទន្ទ្រានយកដីព្រៃ និងការចូលទៅសាងសង់លំនៅដ្ឋាននៅលើដីរដ្ឋត្រូវបានចាត់ទុកជាទង្វើខុសច្បាប់។ មាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ បានចែងថា ការរានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ ច្បាប់ស្តីពីភូមិបាល មាត្រា២៥៩ បានចែងពីជនណាដែលប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវជាប់ពន្ធធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចន្លោះពី ប្រាំលានរៀល ដល់ ហាសិបលានរៀល។ ប្រសិនបើរកឃើញថាមានការជួយសម្រួលដោយផ្ទាល់ ឬប្រយោល ឬជាភាពធ្វេសប្រហែស ឬមានការទទួលផ្តល់សំណូកដល់អាជ្ញាធរណាម្នាក់ដើម្បីអាចចូលទៅព្រឹត្តសកម្មភាពខាងលើ នេះ ជននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយមើលឃើញពីសកម្មភាពទន្ទ្រានយកដីព្រៃសហគមន៍ ការចូលទៅកសាងលំនៅដ្ឋានដោយខុសច្បាប់ និងការកាប់បំផ្លាញ់ព្រៃឈើ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ដោយគ្មានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដែលអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អនាគតព្រៃសហគមន៍ភ្នំសេះ ប្រឈមនឹងការវិនាសបាត់បង់ព្រៃសហគមន៍ទាំងមូលក្នុងពេលដ៏ខ្លីខាងមុខនេះ។ សមាគមបណ្តាញយុវជនកម្ពុជា អំពាវនាវចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តក្រចេះ គប្បីចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីរក្សាបានវត្តមានសហគមន៍ព្រៃឈើភ្នំសេះ និងចាត់វិធានការច្បាប់ចំពោះជនល្មើសដែលចូលទៅ ទន្ទា្រនយកដីសាធារណៈរបស់រដ្ឋ ព្រមទាំងអ្នកមានសមត្ថកិច្ចទាំងឡាយណាដែលជាសហចារី ឬមានភាពធ្វេសប្រហែសបណ្តែតបណ្តោយឱ្យមានការចូលទៅកាន់កាប់ និងការសាងសង់លំនៅដ្ឋានលើដីរដ្ឋដោយខុសច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសលើការទន្ទ្រាន និងចូលទៅសាងសង់លំនៅដ្ឋានដោយខុសច្បាប់នៅលើដីរដ្ឋ គឺជាការសង្គ្រោះសហគមន៍ព្រៃឈើភ្នំសេះ និងសហគមន៍ព្រៃឈើដទៃទៀតទាំង៦១០សហគមន៍ ទូទាំងប្រទេស ព្រមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តចំពោះការការពារព្រៃឈើនៅកម្ពុជា ស្របតាមច្បាប់ស្តីពីព្រៃឈើ និងកម្មវិធីព្រៃឈើជាតិ ២០១៥-២០២៩។ រាជធានីភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ – លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ 0967 888 368 – លោក ហ៊ា សំអឿន អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះ 0719 609 653

 

Add your Comment

Recent Posts